ប្រវត្តិស្ទឹងសង្កែ (ខេត្តបាត់ដំបង)
ស្ទឹងសង្កែ គឺជាស្ទឹងដ៏សំខាន់មួយដែលហូរកាត់ទីប្រជុំជនខេត្តបាត់ដំបង។ ស្ទឹងនេះមានប្រភពនៅភ្នំទឹកព្រិលដែលជាភ្នំមួយនៅត្រង់ខេត្តប៉ៃលិន ដែលគេហៅថា ស្រុកលើ ហើយមានស្ទឹងតូចៗជាច្រើនហូរមកដូចជាអូរក្បាលក្របី, អូរគគីរ, ស្ទឹងគ្រញូង, អូរស្ពាន, អូរត្រែង, អូរអណ្ដូង, ស្ទឹងកំពង់គល់។ល។កាលពីដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនខេត្តបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺអូរដំបង និងអូរសង្កែ។ តែក្រោយមក គេបានចាត់ចែងទប់ស្ទឹងអូរដំបងនេះដើម្បីអោយទឹកហូរមកតែមួយផ្លូវ តាមស្ទឹងដែលហូរកាត់ ទីប្រជុំជនខេត្តបាត់ដំបង់។
(ទិដ្ឋភាពស្ទឹងសង្កែ)
បើតាមសេចក្ដិដំណាលរបស់ចាស់ៗជំនាន់មុន មកបាននិយាយថា ស្ទឹងសង្កែកាលពីដើមឡើយជាស្ទឹងតូចមួយ ដែលមានទទឹងប្រហែល ៤ទៅ៥ម៉ែត្រ ត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង។ គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន ទើបបានជានៅទីនោះគេហៅថា គុម្ពសង្កែៗ។ តមកគេបានសាងវត្តនេះឡើងហៅថាវត្តសង្កែ។ ឯតួស្ទឹងធំសម្រាប់បាត់ដំបង គឹស្ទឹងនៅត្រង់នោះឯង។ ហើយភូមិអូរដំបងសព្វថ្ងៃនេះបានជានៅខាងចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឹនៅត្រង់ភូមិចាស់។
(រូបភាពវត្តសង្កែ ឆ្នាំ១៩៦០)
ហើយនៅក្នុងកំឡុងពេលដែលទប់ស្ទឹងនេះផងដែរ គេបានធ្វើទំនប់នៅត្រង់ស្ទឹងបែកក្បែរវត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនលើក។ ទើបពេលក្រោយមក គេបានយកទូកថ្វែ ធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។ មានចាស់ៗ ភាគច្រើន ដែលបានចាំរឿងរ៉ាវនេះបាននិយាយតៗគ្នាមកថា គេធ្វើពិធីបួងសូួង ដោយសម្លាប់ស្ត្រីមានគភ៌ម្នាក់ បូជាវត្ថុសក្តិសិទ្ធិ ដែលបានរក្សាទំនប់នេះផង។ ត្រង់នេះហៅថា ព្រែកពណ្ណរាយ។ ហើយមានចាស់ទុំមួយក្រុមទៀត បាននិយាយថា គេបានធ្វើកូនសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធរា ព្រះហស្ថ ១អង្គ ព្រះពុទ្ធប្រកនាគ ១អង្គ និងព្រះនរាយណ៏ ១អង្គ នៅក្បែរទំនប់នោះ។ ហើយតាំងពីពេលនោះមក ទំនប់នេះក៏លែងបាក់ ទឺកស្ទឹងក៏ហូរតាមស្ទឹងបាត់ដំបង កាន់តែធំឡើងៗ។ ស្ទឺងដែលហូរតាមអូរដំបងក៏កាន់តែរាក់តូចទៅៗ បន្តិចម្ដងៗ។ នេះបើតាមឯកសាររបស់ ព្រះគ្រូសិរីសត្ថា កែវសាង អនុគណៈ ស្រុកបាត់ដំបង បានពណ៌នា។
(ដកស្រង់ចេញពីសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ ទំព័រ៣៩)
(ដកស្រង់ចេញពីសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ ទំព័រ៣៩)
Comments
Post a Comment